រដ្ឋមន្រ្តីក្រសួងកសិកម្ម ដកប្រធានការិយាល័យសុខភាពសត្វម្នាក់ចោល ក្រោយផ្ទុះជំងឺប៉េស្តជ្រូក នៅខេត្តត្បូងឃ្មុំ

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដកប្រធានការិយាល័យសុខភាពសត្វនៅខេត្តត្បូងឃ្មុំ។ ការដកនេះ គឺបន្ទាប់ពីកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងដោយសារតែភាពមិនប្រក្រតីមួយចំនួន។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង ថា ការសម្រេចដកប្រធានការិយាល័យសុខភាពសត្វនៅខេត្តត្បូងឃ្មុំ ធ្វើឡើងតាំងពីដើមសប្តាហ៍មក។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាក់ទងបញ្ហានេះ គឺតាមអ្វីដែលមន្ត្រីរបស់យើងចុះធ្វើការ គាត់ (ប្រធានការិយាល័យសុខភាពសត្វនៅខេត្តត្បូងឃ្មុំ) មិនសូវសហការពេញលេញ ហើយគាត់រៀងសោះរង្គើញរឿងការងារសហការជាមួយក្រុមការងារដែលចុះពីកណ្តាល ទៅ ហើយយើងតាមដានមើលសកម្មភាពកន្លងទៅនេះ។

ឃើញមានជួបបញ្ហាចឹង ហើយក៏យើងបានធ្វើការណែនាំមួយជំហានដែរ ប៉ុន្តែហាក់បីដូចជាមិនសូវបានកែលម្អបានល្អប្រសើរ បានឈានទៅដល់ការដក ព្រោះយើងបានទុកពេលឲ្យគាត់មួយខែជាងលើបញ្ហាហ្នឹង»៕ តុល្យការចុងក្រោយនៃមហន្តរាយដោយសារតែការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បណ្តាលឱ្យសត្វជ្រូកដែលប្រជាកសិករចិញ្ចឹមចំនួន ៣៣៧ក្បាល បានងាប់ ក្នុងចំណោមជ្រូកជាង ៩០០០ក្បាល ដែលចិញ្ចឹមក្នុងស្រុក គិតមកត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ នេះបើ យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តត្បូងឃ្មុំ។