បុរសជនជាតិចិន រួមជាមួយនារីជនជាតិខ្មែរ២នាក់ បើករថយន្តឆ្លងមិនប្រយ័ត្នត្រូវរថភ្លើងបុកខ្ទាត

ភ្នំពេញ៖ នារីរូបស្រស់០២នាក់និងរួមដំណើរជាមួយបុរសម្នាក់ បើករថយន្តឡិចសុីសមួយគ្រឿងឆ្លងផ្លូវរថភ្លើងមិនប្រុងប្រយ័ត្ន ត្រូវរថភ្លើងបុកចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយចំហៀង តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១២:១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវដែកផ្សារដីហុយ(តាមផ្លូវហាន់ណូយ)ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានរថភ្លើងមួយគ្រឿង បំណងបើកឆ្លងកាត់ផ្លូវហាន់ណូយ ដោយមានអ្នកប្រចាំការជួយឲ្យសញ្ញាសម្រាប់រថភ្លើងឆ្លងកាត់ តែមិនបានទាញប៉ារ៉ាស់ទំលាក់នោះទេ ដល់ពេលរថភ្លើងឆ្លងកាត់ ក៏មានរថយន្តម៉ាក ឡិចសុីស RX300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2T-4519 បើកបរដោយបុរសម្នាក់ជាជនជាតិចិនមានសភាពស្រវឹង ព្រមទាំងមាននារីជនជាតិខ្មែរ២នាក់រួមដំណើរជាមួយ បានឆ្លងកាត់មិនប្រយ័ត្ន ក៏ត្រូវរថភ្លើងបុកចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទៀតចេញពីផ្លូវរថភ្លើងប្រហែល១០ម៉ែត្រ រងការខូចខាតមួយចំហៀងយ៉ាង ដំណំ ។ ចំណែករថភ្លើងមិនខូចខាតនោះទេ តែសំណាងល្អមួយ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុភាគីខាងរថយន្តដែលរងការខូចខាតសុំយករថយន្តរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង តែភាគីខាងរថភ្លើងមិនយល់ព្រម ព្រោះគិតថាខ្លួនឯងត្រូវ ក៏សុំឲ្យសមត្ថកិច្ចជំនាញយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយនៅពេលក្រោយ៕ប្រភព៖ អេអិនអិន / ANN