ដាច់ខាតកុំបោះបង់នូវក្តីសុបិន្តនិងគោលដៅរបស់អ្នក

តើ​មក​ពី​មូល​ហេតុ​អ្វី បាន​ជា​អ្នក​ត្រូវ​បោះ​បង់​នូវ​ក្ដី​សុបិន្ត​របស់​ខ្លួន​ចោល? ហេតុអ្វី​បាន​ជា​អ្នក​ត្រូវ យល់​ស្រប​ទៅ​តាម​គំនិត​ និង​ពាក្យ​សំដី​របស់​អ្នក​ដទៃ ដែលចូលចិត្ត​និយាយ​ដដែល​ៗ​ប្រាប់​អ្នក​ម្ដងហើយ​ម្ដង​ទៀត​ថា គំនិត​របស់​អ្នកគឺ​ទៅ​មិន​រួច​ ទាំង​ដែល​អ្នក​បាន​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា ក្ដី​សុបិន្ដ​មួយ​នោះ ​វា​មាន​អត្ថន័យ​ធំធេង​ខ្លំាង​បែបណា​សម្រាប់​អ្នក ហើយ​អ្នក​ចង់​សម្រេច​វា​អោយ​ទាល់​តែ​បាន។

តើ​ហេតុ​អ្វី​ចុង​ក្រោយ មនុស្ស​មួយ​ភាគ​ធំ​នៅ​តែ​សុខចិត្ត​បោះ​បង់​គំនិត​របស់​ខ្លួន​ចោល​ទៀត? តើពួក​គេ​ធ្វើ​បែប​នេះ ដោយ​សារ​តែ​ពាក្យ​សំដី​របស់​មនុស្ស​ជុំវិញ​ខ្លួន​? ឬ​ដោយ​សារ​តែ​ពួក​គេគ្មាន​ភាព​ជឿជាក់​ចំពោះ​ខ្លួន​ឯង ហើយ​ជឿថា​ខ្លួន​មាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​កិច្ចការ​នោះ​បាន?

យើង​ដឹង​ហើយ​ថា នៅ​លើ​លោក​នេះ​គឺ​សម្បូរ​ទៅ​ដោយ​មនុស្ស​បរាជ័យ ច្រើន​ជាង​មនុស្ស​ជោគជ័យ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​មាន​មនុស្ស​ជោគជ័យ​ណា​ម្នាក់ មាន​គំនិត​ឬ​ចង់​ធ្វើ​នូវ​កិច្ចការ​ដែល​ចំលែក​ខុស​គេ និង​មិន​ធ្លាប់​មាន​គេ​ធ្វើ​ពី​មុន​មក ភាគ​ច្រើន​គំនិត​ទាំង​អស់​នោះ នឹង​ត្រូវ​ក្រុម​មនុស្ស​បរាជ័យ​ធ្វើ​ការ​ទិះទៀន​ជាជាង​អោយ​តម្លៃ និង​គាំទ្រ​។ តាម​ការ​ពិត​ទៅ ក្រុម​មនុស្ស​បរាជ័​យ​ទាំង​នោះ កាល​ពី​មុន​ក៏​ធ្លាប់​ជា​មនុស្ស​ដែល​មាន​គំនិត​ជោគជ័យ និង​ជា​មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម​ខ្ពស់​ដូច​គ្នា​ដែរ ក៏​ប៉ុន្តែ​ពួក​គេ​សុខ​ចិត្ត​ស្ដាប់​តាម​មតិ​ភាគ​ច្រើន ធ្វើ​តាម​របត់​របស់​សង្គម និង​ជឿ​តាម​ពាក្យ​សំដី​របស់​ក្រុមមនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ធ្វើ​អោយ​ពួក​គេ​ក្លាយ​ទៅ​ជា​មនុស្ស​ធម្មតា​ម្នាក់ ដែល​រស់​នៅ​ក្នុង​ស្ថានភាព​ធម្មតា​ដូច​ជា​មនុស្ស​បរាជ័យ​ទូទៅ​ផ្សេង​ទៀត​ដែរ។

មនុស្ស​បរាជ័យ​ គឺ​ជា​មនុស្ស​ដែល​សុខ​ចិត្ត​ចុះ​ចាញ់ លះបង់​ជំនឿ​និង​គំនិត​ដែល​ជា​របស់​ខ្លួន​ឯង ជឿ​តាម​សំដី​របស់​មនុស្ស​បរាជ័យ​ដទៃ​ទៀត ហើយ​ភ្លេច​យក​សតិ​សម្បជញ្ញៈ​របស់​ខ្លួន មក​ត្រិះរិះ​ពិចារណា ហើយ​វិភាគ​មើល​ថា តើ​អ្វី​ដែល​ខ្លួន​កំពុង​តែ​ធ្វើ​ឬ​ជឿ​នោះ ត្រូវ​ឬ​មួយ​ក៏​ខុស។ ​នៅ​ក្នុង​ជីវិត​របស់​ ​​ ផ្ទាល់​ ​​ បាន​ជួប​ជាមួយ​នឹង​មនុស្ស​ប្រភេទ​នេះ​ច្រើន​ខ្លាំង​ណាស់ នៅ​ពេល​ជួប​ជាមួយ​នរណា​ម្នាក់​ដែល​មាន​គំនិត​ផ្សេង ខុស​ពី​អ្វី​ដែល​ពួក​គេ​គិត មនុស្ស​បរាជ័យ​តែង​តែ​និយាយ​ប្រាប់​យើង​ថា​ អោយ​យើង​ចេះ​មើល​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្លួន​ ពួក​គេ​នឹង​ប្រាប់​យើង​អោយ​ធ្វើ​កិច្ចការ​អ្វី​មួយ​ទៅ​តាម​សមត្ថភាព​ ​ឬ​កុំ​ស្រមៃ​ខ្ពស់​ពេក​ជាដើម​។ល។ សម្រាប់​ប្រិយមិត្ត​វិញ តើ​ប្រិយមិត្ត​សុខ​ចិត្ត​ជឿ​តាម​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ ឬ​មួយ​ក៏​សុខ​ចិត្ត​ជឿ​លើ​ខ្លួន​ឯង?

ចំពោះ​កិច្ចការ​អ្វី​ក៏​ដោយ អោយ​តែ​យើង​ចេះ​ជឿជាក់​លើ​ខ្លួន​ឯង មាន​មហិច្ឆតា​ និង​គោល​ដៅ​ធំ នោះ​ខួរ​ក្បាល​របស់​យើង​វា​នឹង​ជួយ​បង្ហាញ​ផ្លូវ ធ្វើ​អោយ​យើង​ចេះ​គិត ចេះ​ត្រិះរិះ ថា​តើ​យើង​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​អាច​សម្រេច​គោលដៅ​និង​មហិច្ឆតា​នោះ​បាន។ តែ​បើ​សូម្បី​តែ​គិត​រឿង​ធ្វើ​កិច្ចការ​ធំ ខ្លួន​យើង​មិន​ទាំង​ហ៊ាន​គិត​ផង តើ​យើង​រស់​នៅ​មាន​ន័យ​អ្វី​ទៀត? មនុស្ស​ជោគជ័យ ដែល​មាន​គោលដៅ​ធំ និង​ច្បាស់​លាស់ ពួក​គេ​មិន​ដែល​ខ្លាច​ក្នុង​ការ​និយាយ​ប្រាប់​អ្នកដទៃ​ពី​គោលដៅ​របស់​ខ្លួន​ទេ និង​ជាពិសេស​ពួក​គេ​តែង​តែ​រំលឹក​គោលដៅ​នោះ​ប្រាប់​ខ្លួន​ឯង​ជារឿយៗ។

ត្រូវ​ចង​ចាំ​ថា កាល​ដែល​ពួក​យើង​នៅ​វ័យ​ក្មេង នៅ​ពេល​មនុស្ស​ចាស់​សួរ​ថា​តើ​ពេល​ធំ​ឡើង​យើង​ចង់​ធ្វើ​អ្វី​នោះ ពួក​យើង​ម្នាក់ៗ​គ្មាន​ភាព​រុញ​រា​ក្នុង​ការ​ឆ្លើយ​សំណួរ​មួយ​នេះ​ទេ ក្មេង​ខ្លះ​និយាយ​ប្រាប់​មនុស្ស​ចាស់​ថា ពេល​ពួក​គេ​ធំ​ឡើង គេ​ចង់​ក្លាយ​ទៅ​ជា​មេធាវី ធ្វើ​ជា​គ្រូពេទ្យ ជា​វិស្វករ ក្លាយ​ទៅ​ជា​អ្នក​ជំនួញ​។ល។ ប្រិយមិត្ត​មាន​ឆ្ងល់​ដែរ​ឬ​ទេ ថា​តើ​ហេតុ​អ្វី​ក៏​ក្មេងៗ​ ពួក​គេ​អាច​ឆ្លើយ​សំណួរ​ទាំង​នេះ​បាន ទាំង​ដែល​ក្មេង​ខ្លះ​និយាយ​មិន​ទាន់​ច្បាស់​ផង​នោះ? នេះ​ក៏​ដោយ​សារ​តែ​នៅ​ក្នុង​ខួរ​ក្បាល​របស់​ក្មេង គឺ​ទទេរ​ស្អាត ប៉ុន្តែ​ពួក​គេ​មាន​គោលដៅ​ច្បាស់​លាស់ ហើយ​ពួក​គេ​ជឿ​ជាក់​ថា រឿង​អ្វី​ក៏​អាច​ទៅ​រួច​ដែរ គ្មាន​កិច្ចការ​ណា​មួយ​ដែល​ថា​ពួក​គេ​មិន​អាច​ធ្វើ​បាន​នោះ​ទេ។ ប្រិយមិត្ត​គប្បី​រៀន​គិត ​តាម​របៀប​ក្មេង ត្រូវ​ចាំ​ថា​សមត្ថភាព​របស់​មនុស្ស​យើង​ម្នាក់​ៗ​គឺ​គ្មាន​ព្រំដែន​នោះ​ទេ ហើយ​បើ​អ្នក​គិត​ថា​សមត្ថភាព​ខ្លួន​ឯង​មាន​កម្រិត​នោះ គឺ​ដោយ​សារ​តែ​អ្នក​ជា​អ្នក​កំណត់​ប្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ។

​​ អាច​ប្រាប់​ប្រិយមិត្ត​បាន​ថា អ្វី​ៗ​ទាំង​អស់​គឺ​សុទ្ធ​តែ​អាច​ទៅ​រួច គ្មាន​កិច្ចការ​ណា​ដែល​មាន​ដែន​កំណត់​នោះ​ទេ ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​យើង​ម្នាក់ៗ​គឺ​ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រមៃ បើ​អ្នក​ចង់​ក្លាយ​ទៅ​ជា​វិរបុរស អ្នក​អាច​ធ្វើ​បាន ហើយ​បើ​សិន​ជា​អ្នក​ចង់​ជោគជ័យ នោះ​អ្នក​ក៏​អាច​ជោគជ័យ​បាន​ដែរ អ្វី​ៗ​គ្រប់​បែប​យ៉ាង​គឺ​សុទ្ធ​តែ​អាច​ទៅ​រួច តែ​សំណួរ​សួរ​ថា​តើ​អ្នក​ចង់​ឬ​មិន​ចង់​ប៉ុណ្ណោះ៕

‘Please, darling, don’t give up, just one more try. Perhaps an egg and lettuce this time…’