គំនិត​​សំខាន់​៤​យ៉ាង​ ​​​ដែល​​​ពួក​អ្នក​មាន​យល់​ច្បាស់​ ​​​​​នាំ​​ឲ្យ​ពួកគេ​ចេះ​តែ​​មាន​ទៅៗ​

ភាព​ស្តុកស្តម្ភ​នៃ​ជីវិត​ ​គឺ​ជា​ការ​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប​។ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ងាយ​នោះ​ឡើយ ព្រោះ បើ​គ្រាន់​តែ​ប៉ង​​ ​​តែ​​​ការ​គិត​ ​និង សកម្មភាព​​មិន​ស៊ី​ទៅ​នឹង​​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​អ្វី​ដែល​ខ្លួន​ចង់​បាន​ទេ ​នោះ​​ការ​ប្រាថ្នា​គឺ​បាន​ត្រឹម​តែ​ប្រាថ្នា។ ​មាន​ន័យ​ថា ​ទោះ​ចង់​បាន​ប៉ុណ្ណា​ក៏​អត់​ប្រយោជន៍​ ​ព្រោះ​វា​គ្មាន​ថ្ងៃ​ក្លាយ​ជា​ការ​ពិត​។ ​ខាង​ក្រោម​នេះ​ជា​គំនិត​សំខាន់ៗ​៤​យ៉ាង​ ​ដែល​ពួក​អ្នក​មាន​យល់​ច្បាស់​ ​ជា​ហេតុ​នាំ​​ឲ្យ​ពួកគេ​ចេះ​តែ​មាន​​ទៅៗ​៖​​

​១) ​​​​​​​​​មិន​អាច​ពឹង​លើ​ប្រាក់ខែ​៖ ​​មនុស្ស​ទូទៅ​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​ណាស់​ ​ដើម្បី​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​​។ ប៉ុន្តែ​​​ពួក​អ្នក​មាន​​​មិន​មែន​ ​​មាន​លុយ​ច្រើន​​ដោយសារតែ​ប្រាក់ខែ​នោះ​ទេ។ ​​លោកRobert Kiyosaki ​​អ្នក​និពន្ធ​សៀវភៅ​​ «​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​» ​បាន​​​លើក​ឡើង​ថា ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ ​​​​​​​​គឺ​​មិន​មែន​ត្រូវ​ប្រែង​ធ្វើ​ការ​ខ្លាំង​ដើម្បី​លុយ​នោះ​ទេ ​ប៉ុន្តែ​​អ្នក​ត្រូវ​ប្រើ​លុយ​​ឲ្យ​ធ្វើ​​ការ​ដល់​អ្នក​វិញ​។ ​​លោក​បន្ថែម​ថា ​មនុស្ស​ដែល​មាន​ផ្នត់​គំនិត​អ្នក​មាន ​នឹង​មិន​​ពឹង​​លើ​ប្រាក់ខែ​ដើម្បី​រស់​​ស្រួល​នោះ​ឡើយ ​​ព្រោះ​ពួកគេ​ដឹង​​ច្បាស់​ថា ​​​ទោះ​​ប្រឹង​ធ្វើការ​យ៉ាង​ណា​ក៏​មិន​អាច​រស់​ស្រួល​​បាន​ដែរ ​ពោល​គឺ​អាច​បាន​ត្រឹម​មួយ​គ្រប់​ប៉ុណ្ណោះ​​​​ ​ហើយ​ដល់​ពេល​មួយ​ដែល​ធ្វើ​ការ​លែងកើត​ ​ប្រាកដ​ជា​លែង​មាន​លុយ​​មិន​ខាន។ ​​ដោយសារតែ​បែប​នេះ​ហើយ​បាន​ជា ​​មនុស្ស​ដែល​មាន​ផ្នត់​គំនិត​ជា​អ្នក​​មាន ​បាន​ព្យាយាម​គិត​ ​ធ្វើ​យ៉ាង​ណា​​យក​​លុយ​ដែល​ខ្លួន​មាន​​ទៅ​​បង្កើត​លុយ​ផ្សេង​ទៀត ​ដូច​ជា​ទៅ ​ទិញ​​អចលនទ្រព្យ​ទុក​លក់​ ​ឬ ​ជួល​​​​ ​​បង្កើត​ជំនួញ ​​និង វិនិយោគ​ទៅ​លើ​គម្រោង​ផ្សេងៗ​ ​ដែល​​អាច​នឹង​ចំណេញ​លុយ​បាន​ច្រើន​។

២) ​​ចង់​ក្លាយ​ជា​ថៅកែ​៖ ​​​​បើ​ចង់​ក្លាយ​ជា​អ្នក​មាន​ពិត​ប្រាកដ​ ​គឺ​ត្រូវ​តែ​​ហ៊ាន​ក្លាយ​ជា​ថៅកែ​គេ​ ​ដោយ​ចាប់ផ្តើម​​មុខ​ជំនួញ​ណា​មួយ​។ ​រក​​ស៊ី​មិន​មែន​ស្រួល​​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​វិធី​​ដែល​នាំ​​​ទៅ​ដល់​ភាព​ស្តុកស្ដម្ភ​​ក្នុង​ជីវិត។ ដូច្នេះ​ហើយ ​ពួក​ដែល​មាន​ផ្នត់​គំនិត​អ្នក​មាន​ ​តែង​រិះរក​​គំនិត​ថ្មី​​ៗ ​ដើម្បី​បើក​អាជីវកម្ម ​​​​ព្រោះ​ពួកគេ​ជឿ​ថា​ ​គំនិត​ថ្មីៗ​​នៃ​អាជីវកម្ម​ទាំង​នោះ​​ ​នឹង​ជួយ​​ឲ្យ​​​​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​របស់​ពួកគេ​កើត​មាន​។ ​

៣) ​​​ចេះ​ប្រើ​លុយ​អ្នកដទៃ​៖​ ​​មនុស្ស​ទូទៅ​តែងតែ​​​ចោទសួរ​ថា បើ​ខ្លួន​គ្មាន​​លុយ​ផង តើ​រក​ស៊ី​យ៉ាង​ម៉េច​ទៅ​? ​ពួក​អ្នក​មាន​ ​មិនមែន​​ចាប់​ផ្តើម​ជា​មួយ​នឹង​លុយ​រាប់​លាន​ក្នុង​ដៃ​​នោះ​ទេ ប៉ុន្តែ​ចំណុច​សំខាន់​​​បំផុត​នោះ ​គឺ​ពួកគេ​ចេះ​ប្រើប្រាស់​លុយ​របស់​អ្នកដទៃ។ ​ ​បើ​មាន​គំនិត​ ​​មិន​ចេះ​ខ្វះ​ទេ​លុយ​ ​មាន​ន័យ​ថា ​បើ​អ្នក​មាន​គំនិត​ល្អ​ក្នុង​ការ​រកស៊ី ឬ ​​បង្កើត​អ្វី​ថ្មី​មួយ ​នោះ​​​​​ប្រាកដ​ជា​មាន​មនុស្ស​ជាច្រើន​ចង់​ចូលរួម​​​​ ​​ដូច្នេះ​ហើយ​​​​​​ត្រូវ​ព្យាយាម​​​​រិះរក​វិធី​​ដើម្បី​​​ឲ្យ​អ្នកដទៃ​យល់​ឃើញ​ថា ​គំនិត​របស់​អ្នក​​ពិត​ជា​អស្ចារ្យ ​និង ​ត្រឹមត្រូវ​ ​ហើយ​អាច​ចំណេញ​លុយ​បាន​ច្រើន​។

៤) ​​​​​ផ្លាស់ប្ដូរ​ការ​គិត​៖ ​​​​ក្នុង​លោក​នេះ​មាន​​លុយ​ច្រើន​ណាស់ ​ប៉ុន្តែ​មាន​មនុស្ស​ក៏​ច្រើន​ណាស់​ដែរ​ដែល​ក្រ ​។​ ​ចំណុច​សំខាន់​នោះ ​មក​ពី​ពួកគេ​គិត​ខុស​ ​​​នាំ​​ឲ្យ​​​​ដំណើរ​របស់​លុយ និង ដំណើរ​របស់​អ្នក​​ទាំង​នោះ​បញ្ច្រាស​គ្នា។ ​ដូច្នេះ​ហើយ ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​បាន អ្នក​ត្រូវ​ព្យាយាម​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក​ជា​មុន​សិន ​ព្រោះ​​ដោយសារតែ​ការ​គិត​របស់​អ្នក​​មិន​​ល្អ​បែប​នេះ​ហើយ ទើប​ធ្វើ​​​ឲ្យ​​ជីវិត​របស់​អ្នក​កន្លង​មក​ជួប​តែ​រឿង​មិន​ល្អ​។ ​​ត្រូវ​ទុក​ពេល​ខ្លះ​ដើម្បី​គិត​ឡើង​វិញ ​នូវ​សកម្មភាព​ដែល​ខ្លួន​បាន​ធ្វើ​ ​ហើយ​ព្យាយាម​ដាក់​គោលដៅ​ថ្មី និង យុទ្ធសាស្ត្រ​ថ្មី​ចំពោះ​​ជីវិត​​ទៅ​ថ្ងៃ​មុខ​ជា​មួយ​នឹង​គំនិត​វិជ្ជមាន​ ​ហើយ​កុំ​​ភ្លេច​ត្រូវ​ព្យាយាម​លម្អិត​អំពី​វិធី​ដើម្បី​ដើរ​ឲ្យ​ដល់​គោលដៅ​ផង​៕