វិធីសាស្ត្រក្នុងការលក់អ្វីក៏ដាច់ ដាក់អ្វីក៏ត្រូវ (Sale Strategies)

វិធីសាស្ត្រក្នុងការលក់អ្វីក៏ដាច់ ដាក់អ្វីក៏ត្រូវ (Sale Strategies)ការលក់ (Sale) គឺជាផ្នែកមួយដ៏សំខាន់ដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាន ទោះបីជាអ្នកប្រកបមុខរបរអ្វីក៏ដោយ អ្នកមិនអាចទទួលបានភាពជោគជ័យឡើយ ប្រសិនបើអ្នកខ្វះនូវជំនាញមួយនេះ។ វាក៏ជាកត្តាចម្បងមួយដែលជួយរុញអ្នកអោយក្លាយជាបុគ្គលមួយរូបដែលមានភាពជោគជ័យផ្នែកអាជីវកម្មផងដែរ។​ តើអ្នកកំពុងតែមានចម្ងល់មែនទេថាតើហេតុអ្វីបានជាអ្នកដទៃលក់អ្វីក៏​ដាច់ៗ​ ប៉ុន្តែរូបអ្នកហាក់មានភាពលំបាក? ពិតណាស់ខាងក្រោមនេះយើងនឹងធ្វើការចែករំលែកតិចនិចមួយចំនួនដែលជួយអ្នកអោយក្លាយជាអ្នកជំនាញផ្នែកលក់បាន។

១.លក់ខ្លួនឯងជាមុនសិន
មុននឹងអ្នកចាប់ផ្តើមលក់ពីផលិតផលរបស់អ្នក អ្នកត្រូវលក់ខ្លួនអ្នកជាមុនសិន។ ចំណុចនេះមានន័យថា អ្នកគប្បីណែនាំខ្លួនឯងអោយគេស្គាល់ជាមុនសិនមុនពេលណែនាំ​ផលិតផល​ដែលអ្នកចង់លក់ទៅអ្នកដទៃ ដូចជាការប្រាប់ថាអ្នកជានរណា មកពីណា ក៏ដូចជាការប្រាប់ពីទស្សនៈវិស័យ ​​(Vision) និងផែនការ (Mission) របស់អ្នកជាដើម។ ធ្វើបែបនេះជាការធ្វើអោយគេមានទំនុកចិត្តលើអ្នកក៏ដូចជាផលិតផលរបស់អ្នកផងដែល ផ្ទុយទៅវិញប្រសិនបើអ្នកចូលទៅដល់ធ្វើការផ្សព្វផ្សាយពីផលិតផលរបស់អ្នកភ្លាមតែម្តង អ្នកអាចនឹងបង្កើតភាពភ័យខ្លាចចំពោះអ្នកទិញជាហេតុធ្វើអោយគេមានអារម្មណ៏មិនល្អហើយមិនចង់ទិញផលិតផលរបស់អ្នក ឬអាចវាយតម្លៃថាជាទំនិញមិនល្អ ឬអ្នកកំពុងព្យាយាមកេងចំណេញពីពួកគេ។ល។

២. ពូកែស្តាប់

អ្នកលក់ដ៏ពូកែ មិនមែនជាអ្នកលក់ដែលពូកែតែខាងនិយាយ ឬមានវោហាស័ព្ទ ប៉ុន្តែមិនពូកែស្តាប់អតិថិជននោះទេ។ អ្នកលក់ដែលមានជំនាញពិតប្រាកដជាអ្នកលក់ដែលអាចធ្វើអោយអ្នកទិញ ទិញទាំងសប្បាយចិត្ត ដែលមានតែអ្នកលក់ពូកែស្តាប់ទេទើបអាចបំពេញនូវសេចក្តីត្រូវការរបស់អ្នកទិញបាន។ ក្នុងករណីនេះសូមអ្នកកុំព្យាយាមនិយាយទាញអោយគេទិញនូវផលិតលរបស់អ្នក តែអ្នកគួរព្យាយាមស្តាប់អំពីពីបញ្ហា កង្វល់ និងសេចក្តីត្រូវការរបស់ពួកគេវិញ រួចហើយធ្វើវិភាគរកដំណោះស្រាយក៏ដូចជាយកផលិតផលណាដែលត្រូវនឹងសភាពបញ្ហាដែលពួកគេកំពុងជួបប្រទះទៅណែនាំអោយពួកគេវិញទើបជា​ការ​ប្រសើរ​។ វា​​ប្រៀបដូចជាអ្នកលក់ថ្នាំពេទ្យដូចច្នេះដែរ អ្នកត្រូវព្យាយាមស្តាប់ពីអាការៈរបស់អ្នកជំងឺជាមុនសិន ទើបមានលទ្ធភាពផ្សំថ្នាំបាន ពុំដូចនេះទេបើអ្នកដាក់ថ្នាំតាមចិត្តឯង នោះវានឹងបង្កើតជាបញ្ហាដល់អ្នកទិញក៏ដូចជាខ្លួនអ្នកផ្ទាល់ផងដែរ។

៣. យល់ច្បាស់ពីអតិថិជនគោលដៅរបស់យើង

ចំណុចនេះ មានន័យថាអ្នកត្រូវដឹងជាមុនសិនថាតើអតិថិជនគោលរបស់អ្នកជានរណា។ ឧទាហរណ៏បើអ្នកចង់លក់អ្វីមួយដូចជា សម្លៀកបំពាក់ កាបូប យានជំនិះ ទូរស័ព្ទ ឬសូម្បីតែចំណីអាហារក៏ដោយ អ្នកត្រូវសិក្សាស្វែងយល់ពីអតិថិជនគោលដៅរបស់អ្នកសិន ដូចជាវ័យរបស់ពួកគេ តើគេជាមនុស្សដែលមានវ័យកណ្តាល ចាស់ ឬក្មេង កិរិតជីវភាពរបស់ពួកគេថាតើមានចំណូលប្រហែលប៉ុន្មាន អាចនឹងមានសមត្ថភាពទិញទំនិញយើងដែររឺទេ?ល។ មួយវិញទៀតអាចជាមុខរបររបស់ពួកគេ ថាតើអតិថិជនគោលរបស់អ្នកជាមេផ្ទះ និស្សិត ឬជាអ្នកធ្វើការ​។ ចំណុចទាំងនេះជួយអ្នកអោយចំណេញពេលវេលា និងដើមទុនដោយការជ្រើសរើសនូវទំនិញដែលត្រូវនឹងតម្រូវការអតិថិជនគោលដៅរបស់អ្នក។

៤. ដឹងមូលហេតុដែលគេត្រូវការផលិតផលយើង (Product knowledge)

វាជាកត្តាចម្បងដែលអ្នកត្រូវតែដឹងអោយច្បាស់ពីគុណតម្លៃរបស់ផលិតផលផ្ទាល់ខ្លួន។ វាមិនអាចទៅរួចនោះទេបើអ្នកគឺជាអ្នកលក់ផលិតផលមួយតែអ្នកមិនដឹងពីវាទាស់តែសោះ ឬមួយយល់ពីវាមិនច្បាស់។ ផលិតផលមួយបើចង់អោយគេទិញ លុះត្រាណាតែយើងខ្លួនឯងទិញវាជាមុនសិន ដូចគ្នាផងដែលបើចង់អោយអ្នកដទៃប្រើ លុះណាយើងជាម្ចាស់ប្រើជាមុនសិន ដូចនេះហើយបើសូម្បីតែយើងជាម្ចាស់មិនមានទំនុកចិត្តលើផលិតផលខ្លួនឯងផងតើនណាគេទុកចិត្ត ហើយបើសូម្បីតែយើងជាអ្នកលក់មិនហ៊ានប្រើផង ធ្វើម៉េចអ្នកដទៃហ៊ាន? ដូចនេះហើយវាជារឿងសំខាន់ដែលយើងត្រូវតែសិក្សាព័ត៌មានអោយបានច្បាស់ពីផលិតផលផ្ទាល់ខ្លួន មុននឹងសម្រេចចិត្តធ្វើការដាក់លក់ពិសេសគឺគុណតម្លៃរបស់លិតផលនិមួយៗ ទើបយើងមានសមត្ថភាពអាចឆ្លើយបានថាហេតុអ្វីបានជាគេត្រូវទិញនូវផលិតរបស់យើង។

៥. ប្រើប្រាស់ពាក្យសាមញ្ញ

បច្ចុប្បន្នយើងឃើញថា អ្នកលក់ភាគច្រើនមិនចូលចិត្តប្រើប្រាស់ពាក្យសាមញ្ញដែលងាយយល់ទេ តែចូលចិត្តប្រើពាក្យបច្ចេកទេស ឬភាសាបរទេសលាយឡំនឹងភាសា​ជាតិទៅវិញ​។ ក្នុងចំណុចនេះ យើងត្រូវដឹងថាតើអតិថិជនយើងជាអ្នកណា ជូនកាលពួកគាត់ពិបាកនឹងយល់ពីអ្វីដែលយើងចង់បង្ហាញ ហើយចំណុចនេះនឹងបង្អាក់ទឹកចិត្តគាត់ក្នុងការទិញផលិតផលរបស់យើង។ ជាក់ស្តែងអ្នកលក់ភាគច្រើននៃយើងចូលចិត្តប្រើពាក្យថាបញ្ចុះតម្លៃ (Discount) នៅពេលដែលចង់ចុះថ្លៃលើផលិតផលនីមួយៗ ប៉ុន្តែពេលខ្លះយើងមិនដឹងទេថាវាបានបង្ករភាពស្មុគស្មាញដល់អ្នកទិញមួយចំនួន ឬមិនសូវផ្តល់ភាពទាក់ទាញ។ ឧទាហរណ៍សាមញ្ញមួយ៖ បើសិនជាយើងលក់គ្រឿងសង្ហារឹមដែលមានតម្លៃ ២០០ដុល្លារ ដោយប្តូរពីឃ្លាថា discount 15% មកនិយាយថាបើលោកអ្នកធ្វើការទិញនៅក្នុងថ្ងៃនេះនឹងចំណេញ​បាន ៣០ដុល្លារ វាហាក់ដូចជាស្តាប់ទៅងាយស្រួលយល់ជាង។ ម្យ៉ាងទៀតចំពោះការដែលចូលចិត្តដាក់ថា Discount 70%off ភាគច្រើននៃអ្នកទិញតែងយល់ច្រឡំថាគឺមានការបញ្ចុះតម្លៃ ៧០ ភាគរយលើគ្រប់មុខទំនិញ ក៏ប៉ុន្តែវាមិនដូចច្នេះទេ វាមានន័យថាចុះថ្លៃចាប់ពី ៧០ភាគរយចុះក្រោមទៅវិញទេតើ។ ដូចច្នេះវាបង្កើតបានជាការយល់ច្រឡំដែលធ្វើអោយអតិថិជនមួយចំនួនគិតថាជាការបោកប្រាស់។ ដូចនេះហើយចំពោះការប្រើប្រាស់ភាសាក្នុងការសរសេរគឺសំខាន់ណាស់ពិសេស​គឺ​កា​រ​លក់ទំនិញតាមប្រព័ន្ធអ៉ីនធឺណេត (Online)។

៦. ក្តោបក្តាប់អតិថិជនអោយជាប់

ចំណុចនេះ គឺសំខាន់ណាស់ក្នុងការធ្វើអោយអាជីវកម្មអ្នកមានភាពជោគជ័យ។ កាលណាអ្នកមានចំនួនអតិថិជនដែលតែងតែទិញនូវទំនិញរបស់អ្នកហើយ អ្នកត្រូវចេះក្តោបក្តាប់ពួកគេ (ម៉ូយ) ដោយការព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយពួកគេដើម្បីអោយមានភាពស្និតស្នាលដូចជាការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់អ្នក ការសួរសុខទុក្ខ ក៏ដូចជាការជួយយកអាសារគ្នាជាដើម។ ឧស្សាហ៍និយាយលេងជាមួយពួកគេដូចជាការសួរពីអត្ថប្រយោជន៍របស់ទំនិញដែលគាត់ធ្លាប់ទិញជាដើម។ ឧទាហរណ៍៖ អ្នកអាចសួរថា តើស្បែកជើងដែលទិញទៅកាលពីលើកពាក់ស្រួលដែររឺទេ ផលិតផលព្យាបាលមុខដែលទិញទៅយ៉ាងម៉ិចដែល គុណភាពល្អដែររីទេ មានផលលំបាកដែលឬទេពេលកំពុងប្រើប្រាស់?ល។ ការដែលយើងចេះសួរនាំបែបនេះ ធ្វើអោយអតិថិជនរបស់យើងមានអារម្មណ៍ល្អ និងគិតថាយើងយកចិត្តទុកដាក់ចំពោះពួកគេ រួមទាំងមានទំនួលខុសត្រូវខ្ពស់ចំពោះផលិតផលផ្ទាល់ខ្លួនទៀតផង។

ជារួមមក ការលក់ផលិតផលអោយដាច់មិនពិបាកនោះទេ ប៉ុន្តែវាទាមទារអោយមាននូវគុណភាពរបស់ផលិតផល និងគុណតម្លៃភាពជាអ្នកលក់ មិនមែនជាការធ្វើលេងៗនោះទេ ហើយយើងសង្ឃឹមថា ៦ចំណុចខាងលើនេះនឹងអាចនាំអ្នកទៅដល់គោលដៅបានយ៉ាងឆាប់រហ័ស៕