មិត្តទ្រុសមិត្ត បបួលមិត្តភ័ក្រ្តមកផឹកស៊ីដល់ផ្ទះរួចសម្លាប់ប្លន់យកទ្រព្យសម្បត្តិហើយសែងទម្លាក់ចូលទឹកស្រះ ០៥ថ្ងៃក្រោយសមត្ថកិច្ចវែកមុខបាន

ដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអម សាលា​ដំ​បូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹក​នាំកម្លាំងនគរបាលក្នុងផែនសហការណ៍ជាមួយស​មត្ថកិច្ចនគរបាលនាយកដ្ឋានជំ នាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលនៃអធិការដ្ឋាន​ន​គ​របាលស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត បានធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនបានជន សង្ស័យចំនួន ០២ នាក់ភេទប្រុស ដែលជាជនដៃដល់ក្នុងករណី​សម្លាប់មិត្តភ័ក្រ្តរបស់ខ្លួនក្នុងវង់ផឹកស៊ី ដើម្បីប្លន់យក​ទ្រព្យសម្បត្តិកាលពីយប់ថ្ងៃទី ៥​ ខែ មិថុនា ឆ្នាំ ២០១៩ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់​ថា កាលពីព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៩ មានការភ្ញាក់ផ្អើលមួយនៅក្នុងក្រុម​ ទី១២ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយប្រជាពលរដ្ឋបានប្រទះ​ឃើញសាកសពបុរ​ស​ម្នាក់អណ្តែតក្នុងទឹកស្រះមួយកន្លែង ហើយបាន​រាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ។ ​ ឆ្លងតាមរយៈការពិនិត្យធ្វើកោសល្យវិច័យ​លើ​សាកសព​ និងស្រាវជ្រាវជំហ៊ានដំបូងទើបដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិប្រឡាយស្តៅ ឃុំតា​លាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មាន​មុខរបរ​មិនពិតប្រាដក និងមានស្លាកស្នាមរបួស​នៅផ្នែកក្បាលដោយអន្លើផង ។

ជាមួយនឹងការ​បាត់បង់ជីវិតនេះ ក៏បានដឹងផងដែរថា ទ្រព្យសម្បត្តិជាប់នឹងខ្លួនមួយចំនួន ដូចជាម៉ូតូ និងទូរស័ព្ទផង​ដែលជារបស់ជនរងគ្រោះក៏ត្រូវបាត់បង់​ ចាប់​ផ្តើមពីចំណុចនេះ និងអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល​បើកការស្រាវជ្រាវស៊េីបអង្កេតជាបន្ទាន់រហូតកំណត់​បាននូវមុខសញ្ញាស័ង្ស​យ​ក្នុងករណីនេះ ។

លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរ​បាលស្រុកមោងឫស្សីបានបញ្ជាក់ថា ក្រោយ​ពេលធ្វើ ការកំណត់អំពីមុខសញ្ញាដែលពាក់ព័ន្ឋក្នុងករណី​នេះលោកបានសហការណ៍ធ្វើការ​ស្រាវជ្រាវលើ​ភូមិសាស្រ្តស្រុកចំនួន០៤គឺស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត ក្រោមការដឹកនាំផ្ទាល់ពីលោក​ឧត្តម​សេនីយ៍ត្រី ជេត វណ្ណនី រហូតដល់ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ ជនស័ង្សយត្រូវបានឃាត់​ខ្លួនក្នុងភូមិសាស្រ្តស្រុកគាស់ក្រឡ បន្ទាប់ពីពួក​គេគេចខ្លួនចូលដល់ភូមិសាស្រ្តស្រុកសំឡូតរួ​ច​មក ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានឲ្យដឹ​ង​បន្ថែមថា នៅចំពោះមុខសមត្ថកិច្ចនគរបាល ជន​ស័ង្សយចំនួន០២នាក់នោះគឺ៖ ១-ឈ្មោះ ណែត សុបិន្ត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ដំបង ២-ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅចំពោះមុខសមត្ថកិច្ចជនស័ង្សយបានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់មិត្តភ័ក្រ្តរបស់ខ្លួនឈ្មោះ ម៉ិល សុខុម ភេទប្រុស កាលពីថ្ងៃទី ៥ខែ មិថុនា ឆ្នាំ ២០១៩ ក្នុងពេលបបួលមកផឹកស៊ីដើម្បីប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែន​ដោយប្រើប្រាស់ញញួរនិងដែកវាយក្បាលសម្លាប់​ ហេីយសែងទម្លាក់ចូលទឹកស្រះក្នុងភូមិក្បែរកន្លែងកើតហេតុមុនពេលពួកគេរត់គេចខ្លួនពីមូលដ្ឋាន។

ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ចនគរ​បាលដកហូតបាន៖(ម៉ូតូចំនួន ០១គ្រឿង ដែល​ជារបស់ជនរងគ្រោះគឺម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ ២០១៦ ទូរស័ព្ទដៃម៉ាកសាំស៊ុងចំនួន ០២​គ្រឿង​ បន្ទះស្លាកលេខម៉ូតូចំនួន០១មានលេខ បាត់ដំបង​ 1X-1539 ព្រមទាំងញញួរ​ ដែកនិងកាំបិតផង។ បច្ចុប្បន្នជនសង័្សយកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលា​ដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕ប្រភព៖ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


រូបភាព

រូបភាព

រូបភាព

រូបភាព