គួរឱ្យសរសើរ! មុនទៅជួបលោក Joe Biden សមាជិក BTS ឆ្លៀតនិយាយពាក្យដ៏មានន័យទាំងនេះ

កាលពីថ្ងៃទី ៣១ ខែឧសភា សមាជិកទាំង ៧ របស់ BTS បានទៅសេតវិមានដើម្បីជួបជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីពិភាក្សាទៅលើការបញ្ឈប់អំពើហិង្សា ការរើសអើង និង ការស្អប់ខ្ពើមទៅលើជនជាតិអាស៊ី។ ដោយឡែក កិច្ចប្រជុំរវាងថ្នាក់ដឹកនាំ ជាមួយនឹង BTS នៅក្នុង Oval Office នាវេលាម៉ោង ៣ រសៀល ដែលត្រូវនឹងម៉ោង ២ រំលងអធ្រាត្រម៉ោងនៅកម្ពុជា គឺមានការបិទចំពោះសាធារណៈ ពោលគឺពុំអនុញ្ញាតឱ្យមានអ្នកសារព័ត៌មានចូលរួមឡើយ។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី គេក៏បានឃើញវត្តមានរបស់ BTS រួមជាមួយនឹងលោកស្រី Karine Jean-Pierre នៅឯសន្និសីទសារព័ត៌មានរបស់លេខាធិការសារព័ត៌មាន កាលពីរសៀលម៉ោង ២:៣០ ថ្ងៃដដែល ដើម្បីថ្លែងនូវពាក្យមួយចំនួនមកកាន់អ្នកគាំទ្រ ព្រមទាំងអ្នកសារព័ត៌មាន។ តួយ៉ាង RM ដែលជាមេក្រុមរបស់ BTS គឺជាសមាជិកដំបូងដែលឡើងនិយាយ ដោយលោកបានណែនាំពីក្រុមហើយអរគុណទៅដល់ Karine សម្រាប់ពាក្យល្អៗរបស់នាងមកកាន់ BTS។ លោកក៏បានបន្ថែមទៀតថា វាជាកិត្តិយសដ៏អស្ចារ្យមួយ ដែល BTS ត្រូវបានអញ្ជើញឱ្យទៅសេតវិមាននៅថ្ងៃនេះ ដើម្បីពិភាក្សាទៅលើការបញ្ឈប់អំពើហិង្សា ការរើសអើង និង ការស្អប់ខ្ពើមទៅលើជនជាតិអាស៊ី។ Jin ដែលជាសមាជិកបន្ទាប់

ក៏បានលើកឡើងដែរថា៖ «ថ្ងៃនេះជាថ្ងៃចុងក្រោយនៃខែវប្បធម៌ AANHPI ហើយយើងចូលរួមជាមួយនឹងសេតវិមានដើម្បីឈរជាមួយនឹងសហគមន៍ AANHPI និង ដើម្បីអបអរសាទរខែមួយនេះ»។

រីឯ Jimin ក៏បានបង្ហាញផងដែរ ពីការមើលងាយដែល BTS បានទទួលរងដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើមនៃជនជាតិអាស៊ី ព្រមទាំងក្តីសង្ឃឹមរបស់ពួកគេ ថាអំពើហិង្សានេះ នឹងត្រូវបានបញ្ចប់ ដោយបានពោលដូច្នេះថា៖

«ពួកយើងមានការមើលងាយដោយសារការកើនឡើងនៃឧក្រិដ្ឋកម្មស្អប់ខ្ពើមនាពេលថ្មីៗនេះ រួមទាំងឧក្រិដ្ឋកម្មស្អប់ជនជាតិអាមេរិកាំងអាស៊ីផងដែរ។ ដើម្បីបញ្ឈប់បញ្ហា និង គាំទ្របុព្វហេតុមួយនេះ

យើងចង់ឆ្លៀតឱកាសនេះដើម្បីបញ្ចេញសំឡេងខ្លួនឯងម្តងទៀត»។ ដូចសព្វរាល់ដង BTS ក៏បានអរគុណទៅដល់ ARMY ដែលជាអ្នកនៅពីក្រោយភាពជោគជ័យទាំងនេះរបស់ពួកគេផងដែរ ដោយ J-Hope បាននិយាយថា៖ «ថ្ងៃនេះពួកយើងនៅទីនេះ អរគុណចំពោះ ARMY អ្នកគាំទ្ររបស់យើងទូទាំងពិភពលោក ដែលមានសញ្ជាតិ វប្បធម៌ផ្សេងគ្នា និងការប្រើប្រាស់ភាសាផ្សេងៗពីគ្នា យើងពិតជាអរគុណខ្លាំងមែនទែន»។ Jungkook ដែលជាសមាជិកក្មេងជាងគេប្រចាំក្រុមនោះ ក៏បានរៀបរាប់ពីភាពអស្ចារ្យនៃតន្រ្តីដែលអាចធ្វើឱ្យមនុស្សជុំវិញពិភពលោកអាចរួបរួមគ្នាតែមួយបាន ដោយបាននិយាយបែបនេះថា៖ «យើងនៅតែមានអារម្មណ៍ភ្ញាក់ផ្អើលដែលតន្ត្រីបង្កើតឡើងដោយសិល្បករកូរ៉េខាងត្បូង

ជ្រាបចូលដល់មនុស្សជាច្រើននៅជុំវិញពិភពលោក ទាំងឆ្លងកាត់នូវភាសា និងឧបសគ្គវប្បធម៌ផ្សេងៗពីគ្នា ហើយយើងជឿជាក់ថាតន្ត្រី គឺនឹងនៅទីនេះរហូត

ហើយក្លាយជាការបង្រួបបង្រួមដ៏អស្ចារ្យ និងអស្ចារ្យជាងអ្វីៗទាំងអស់»។ លើសពីនេះទៀតនោះ Suga ក៏បានលើកឡើងមកថា៖ «ធ្វើឱ្យខុសពីគេ គឺវាមិនខុសនោះទេ។ ខ្ញុំគិតថាសមភាពមួយអាចចាប់ផ្តើមបាន

គឺនៅពេលដែលយើងចេះបើកចំហ និងទទួលយកភាពខុសៗគ្នាទាំងអស់របស់ពួកយើង»។ ចុងក្រោយគេនោះ V បានបន្ថែមដែរថា៖ «មនុស្សគ្រប់គ្នាសុទ្ធតែមានរឿងរ៉ាវ និងប្រវត្តិរៀងៗខ្លួន ហើយយើងសង្ឃឹមថាថ្ងៃនេះជាជំហានមួយឆ្ពោះទៅមុខក្នុងការគោរពគ្នាទៅវិញទៅមក និងយោគយល់គ្នា ដើម្បីឱ្យក្លាយជាបុគ្គលដ៏មានតម្លៃមួយ»៕

Leave a Reply

Your email address will not be published.