គួរឲ្យសរសើរ! បងប្អូនកម្មករ-កម្មការិនី ភាគច្រើននៅធ្វើការតាមបណ្តារោងចក្រធម្មតាទៅតាមការណែនាំរបស់ក្រសួងការងារ ក៏ដូចជាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ (មានវីដេអូ)

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បងប្អូនកម្មករ-កម្មការិនី ភាគច្រើន នៅធ្វើការតាមបណ្តារោងចក្រធម្មតាទៅតាមការណែនាំរបស់ក្រសួងការងារ និងចូលរួមអនុវត្តន៍ការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដោយមិនទៅស្រុកកំណើត។

តាមរយៈវីដេអូនោះ ពួកគេបានបញ្ជាក់ថា កម្មករ កម្មការិនី គោរពតាមការណែនាំ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមការពារទប់ស្កាត់ ការរីករាលជំងឺកូវីដ១៩ គឺពួកគេនៅតែធ្វើការជាធម្មតាមិនត្រឡប់ទៅស្រុកកំណើតនោះឡើយ។ កម្មករ កម្មការិនី ដែលបន្តធ្វើការទាំងនេះ ក៏បានអំពាវនាវដល់កម្មករ កម្មការិនីដទៃទៀត បន្តនាំគ្នានៅធ្វើការ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

គួររំលឹកផងដែរផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលនៃការឈប់សម្រាកបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ពោលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត និងបុគ្គលិកក្រុមហ៊ុននានា នៅតែធ្វើការជាធម្មតាក្នុងកំលុងពេលបុណ្យចូលឆ្នាំនៅសប្តាហ៍ក្រោយនេះ។ ការសម្រេចលើកពេលឈប់សម្រាកបុណ្យចូលឆ្នាំនេះ ដើម្បីទប់ស្កាត់ការជួបជុំ ដែលជាដើមចមដ៏ធំបំផុតនាំឱ្យផ្ទុះឡើងនូវជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។