សសរថ្ម ​សល់​ពី​កម្អែល​ភ្នំភ្លើង​ ដែល​អាច​មាន​កាល​អាយុ​រាប់​លាន​ឆ្នាំ​ នៅ​មណ្ឌលគិរី ​គ្រោង​នឹង​ដាក់​ជា​តំបន់​ការពារ

មណ្ឌលគិរី ៖ ​បន្ទាប់ពី​ក្រុម​ការ​ងារ​ចម្រុះ​ចុះ​សិក្សា​ជំហាន​ដំបូង ​កាលពី​ថ្ងៃទី​១០ ​និង​១១​ មករា​កន្លងទៅ​ លទ្ធផល​ នៃ​ការសិក្សា​ប្រភេទ​ថ្ម​ គឺ​បាន​បង្ហាញថា​ ជា ថ្ម​បា​សាល់ ​សេសសល់​ពី​កម្អែល​ភ្នំភ្លើង​ មាន​អាយុ​កាល​ដល់​ទៅ​រាប់​លាន​ឆ្នាំ​ ឯណោះ​។

លោក លឿង កេសា​រោ មន្ត្រី​ក្រសួងបរិស្ថាន​ នៅ​ថ្ងៃទី​១០ ​ខែមករា​ បានបញ្ជាក់​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​លើ​សសរថ្ម​ នៅ​ខេត្តមណ្ឌលគិរី​ថា ​ក្រោយពី​ការសិក្សា ​ក្រុមការងារ​មាន​គម្រោង​រៀបចំ​បង្កើត​ជា​តំ បន់​អភិរក្ស​បេតិកភណ្ឌ​«​ឡាំ​មេះ​» ​ដើម្បី​ថែរក្សា​សម្បត្តិ​ជាតិ ​សម្បត្តិ​ដូនតា និង​

ជំនឿ​ប្រពៃណី​របស់​ជន​ជាតិដើម​ភាគតិច​ព្នង ​ដោយ​ចុះបញ្ជី​ជា​ដី​សាធារណៈ​របស់​រដ្ឋ ​និង​បោះ​បង្គោល​កំណត់​ព្រំប្រទល់​ឱ្យ​បាន​ច្បាស់លាស់​។

លោក​ បន្ថែមថា ទីតាំង​នោះ​ក្រុមការងារ​បាន​ពិនិត្យ​ស្រាវជ្រាវ​លើ​តំបន់​សសរថ្ម​ធម្មជាតិ​ជាច្រើន​ផ្ទាំង ស្ថិតនៅ​ភូមិ​លេខ​៥(​ភូមិ​ឡាំ​មេះ​) ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ​ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ខេត្តមណ្ឌលគិរី​។ តាម​ការសិក្សា​ជំហាន​ដំបូង​ឱ្យដឹងថា​ សសរថ្ម​នេះ ​មាន​

អាយុកាល​រាប់ពាន់​ឆ្នាំ​។ ហើយ​ថ្ម​មានមុខ​កាត់​ចាប់ពី​៤០​សង់ទីម៉ែត្រ ​ដល់​៦០​សង់ទីម៉ែត្រ ​និង​ប្រវែង​រហូតដល់​២​ម៉ែត្រ ដុះ​ឡើង​ពី​ធម្មជាតិ​តាម​ចង្កេះភ្នំ​ណា​ម​លៀរ ​ដែល​មើលទៅ​ហាក់ដូចជា​ត្រូវបាន​គេ​លើក​បន្ដុប​លើ​គ្នា​រាង​ដូច​ប្រាសាទ​។

កាលពី​ថ្ងៃទី​១១​ខែមករា លោក សី ទួ​ច ប្រធាន​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្តមណ្ឌលគិរី ​ក៏បាន​ចុះទៅ​សិក្សា​នៅ​ទីតាំង​នោះដែរ​។ ​តាម​ការ​សន្និដ្ឋាន​រប​ស់​លោក​ប្រធាន​មន្ទីរ​វប្បធម៌​ឱ្យដឹងថា ​ថ្ម​ទាំង​នោះបាន​សេសសល់​ពី​កម្អែល​ភ្នំភ្លើង​ដែល​ចុះ​ត្រជាក់​ ក្រោយ​ការ​ផ្ទុះ​កាលពី​រាប់​លាន​ឆ្នាំមុន​។

លោក​ បន្ថែមថា ​តាម​ការ​សួរនាំ​ពី​សហគមន៍​និង​ចាស់ទុំ​ក្នុងភូមិ​ឡាំ​មេះ ​ឱ្យដឹងថា​ ទីតាំង​នេះ​ជា​ព្រៃ​ដំណម ដែល​មិន​សូវមាន​អ្នក​ហ៊ាន​ចូល​ឡើយ​។ ​ទីតាំង​នេះ​ ជា​មរតក​ធម្មជាតិ ​ខាង​មន្ទីរ ​និង​គាំទ្រ​ដល់​ក្រសួងបរិស្ថាន​ ក្នុងការ​អភិរក្ស​ទីនោះ​។ លោក គ្រើ​ង តុលា ជា​សមាជិក​សហគមន៍​

ជន​ជាតិដើម​ក្នុង​ខេត្តមណ្ឌលគិរី​ ក៏​ធ្លាប់​លឺ​រឿងដំណាល​ពី​ចាស់ទុំ ​ លើ​បារមី​ដ៏​ស័ក្ដិសិទ្ធិ នៅ​ទីតាំង​សសរថ្ម​នោះដែរ​៕