សមិទ្ធផលថ្មីជាចំណងដៃ នូវផ្លូវបេតុងប្រវែងជិត ៦គីឡូម៉ែត្រ និងលូ ៤កន្លែង ជូនពលរដ្ឋឃុំព្រែកគយ និងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល

(កណ្ដាល)៖ ជាចំណងដៃសិរីសួស្ដី ដ៍មហាបវរប្រសើរ ជូនដល់ពលរដ្ឋ២ឃុំ នៃស្រុកស្អាង គឺផ្លូវបេតុងយ៉ាងរឹងមាំ ស្រស់ស្អាត គួរជាទីបេតី ប្រវែង៥,៨៣២ម៉ែត្រ និងលូកាត់ទទឹងផ្លូវ ចំនួន៤កន្លែង ដែលជាសមិទ្ធផលថ្មីស្រឡាង ក្នុងយុគ្គសម័យតេជោសន្តិភាព ក្រោមសម្រែកសាទរយ៉ាងក្លៀវក្លា ញញឹមបិទមាត់មិនជិត របស់ពលរដ្ឋ។

ចំណងដៃដ៍ល្អប្រពៃនេះ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ យ៉ាងឱឡារឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រោមវត្តមានបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល មន្ត្រីអ្នកមុខអ្នកការ និងបហរជាពលរដ្ឋយ៉ាងច្រើនកុះករ សរុបជាង១០០០នាក់ ។

លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត បានលើកឡើងថា នេះគឺសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំព្រែកគយ និងឃុំស្អាងភ្នំ ស្រុកស្អាង ក្នុងឆ្នាំ២០២០នេះ ហើយសមិទ្ធផលទាំងនេះ កើតមានឡើងដោយសារ ប្រទេសរបស់យើងមានសុខសន្តិភាព ស្ថេរភាពពេញលេញ ដែលផ្ដល់ឱកាសឲ្យយើង បានអភិវឌ្ឍក្នុងមូលដ្ឋាន ក៏ដូចជាអភិវឌ្ឍទូទាំងប្រទេស។

លោកបណ្ឌិតអភិបាលខេត្ត បានថ្លែងទៀតថា «អរគុណសន្តិភាព» មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ ខណៈស្រុកទេសយើង កាលពីជំនាន់មុន មានការលំបាកខ្លាំង ក្រខ្សត់ វេទនា ខ្លោចផ្សារ ពលរដ្ឋរស់នៅទាំងក្រលំបាក ហេដ្ឋារចនាសម្ព័ន្ធក៏អន់ សេដ្ឋកិច្ចក៏យ៉ាប់ទៅទៀត ប៉ុន្តែយើងមើលឃើញថា បច្ចុប្បន្ននេះ មានការខុសគ្នាឆ្ងាយណាស់ ដោយស្រុកយើងសម្បូររុងរឿង សប្បាយរីករាយ មានការអភិវឌ្ឍន៍ សេដ្ឋកិច្ចរីកចំរើន មានផ្ល្លូវថ្នល់ខ្វាត់ខ្វែង មានទឹកស្អាត មានភ្លើងអគ្គិសនីប្រើប្រាស់ មានឡានម៉ូតូទំនើបៗ ពិសេសឃើញថា ពលរដ្ឋយើងមានជីវភាពកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

ទន្ទឹមនឹងសារនេះផងដែរ លោកបណ្ឌិត ក៏បានអំពាវនាវដល់កងកម្លាំងទាំង៣ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាព ឲ្យបានគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសបន្តអភិវឌ្ឍ ទៅមុខជានិច្ចនិរន្តបន្ថែមទៀត៕