ម៉ូលីកា មានគម្រោង​ទៅ​ក្រេប​ចន្ទទឹកឃ្មុំ នៅ​ប្រទេស​បារាំង ក្រោយ​មង្គលការ​ចប់ភ្លាម និង​បង្ហាញ​ពី​ការ​សម្រេច​ចិត្ត​ទទួល​យក​ប្រុស​សង្ហា​ ឆានុន ជាស្វាមី

(ភ្នំពេញ)៖ តារាចម្រៀង ម៉ូលីកា បានក្លាយទៅជាភរិយាស្របច្បាប់របស់តារាសម្ដែងលោក ឆានុន ហើយ បន្ទាប់ពីពួកគេបានដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅអគារ B ដឺព្រេមៀ សេនធ័រ សែនសុខ ដោយជប់លៀង៨០តុ។ ជាមួយគ្នានេះ នាងក៏បានប្រកាសថា នឹងទៅក្រេបចន្ទទឹកឃុំនៅប្រទេសបារាំងរយៈពេល១សប្ដាហ៍។

ស្រីស្រស់ ម៉ូលីកា និងប្រុសសង្ហា ឆានុន ពិតជាស្រស់ស្អាតខ្លាំងណាស់ នៅពេលដែលអ្នកទាំង២គ្រងឈុតប្រពៃណី ខណៈដែលកាលពីព្រឹកថ្ងៃរៀបការម្សិលមិញនោះ ពេលចូលដល់ពិធីកាត់សក់តារាកំប្លែងនាយពាក់មី និងនាងខ្ញុង ជាអ្នកច្រៀងផ្ដោះផ្ដងគ្នានៅចំពោះមុខកូនកំលោះក្រមុំ និងភ្ញៀវជាច្រើនទើបធ្វើឲ្យបរិយាកាសកាន់តែរីករាយថែមទៀត។

ដោយឡែកមូលហេតុដែលម៉ូលីកា សម្រេចចិត្តរៀបការជាមួយលោកឆានុន ត្រូវបានអតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ អះអាងថា ដោយសាតែស្វាមីរបស់នាងជាមនុស្សល្អស្មោះត្រង់ជាមួយនាង ហើយតស៊ូកម្សត់កម្រជាមួយគ្នាយូរឆ្នាំហើយ ទើបនាងគិតថាពេលនេះដល់ពេលវេលារៀបការហើយ។

ចំណែកលោក ឆានុន វិញ អះអាងថា លោកស្រលាញ់ពេញចិត្តតែម៉ូលីកា តែម្នាក់ អីចឹងលោកទន្ទឹងរងចាំថ្ងៃពិសេសនេះជាយូរមកហើយ គឺគ្មានហេតុផលណាដែលលោកត្រូវរារែកចិត្តនោះទេ។

ម៉ូលីកា មានឈ្មោះដើមថា អឿន ម៉ូលីកា បានភ្ជាប់ស្នេហ៍ជាមួយលោកហុង មានុន ហៅ ឆានុន ជាង៣ឆ្នាំមកហើយ ទើបពួកគេដឹកដៃក្រាបផ្ទឹមនៅពេលនេះ។ មុន​រៀបអាពាហ៍ពិពាហ៍នេះម៉ូលីកា បានសម្រេចបំណងធំបើកសម្ពោធហាងរក្សាសម្រស់ អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ដែលចំណាយទុន​អស់ដល់ទៅ១០ម៉ឺនដុល្លា បន្ទាប់ពីនាងរកស៊ីលក់ជ្រក់ជើងមាន់តាម Online ដែលផ្ដើមដំបូងពីទុនត្រឹម ៣០០ដុល្លាប៉ុណ្ណោះ។

នៅពេលដែលសួររឿងគម្រោងដឹកដៃស្វាមីទៅដើរកម្សាន្ដក្រេបចន្ទទឹកឃ្មុំ (Honey Moon) ម៉ូលីកា អះអាងថា នាងនឹងនាំលោក ឆានុន ទៅដើរលេងនៅប្រទេសបារាំង រយៈពេល១សប្ដាហ៍ក្រោយរៀបការនេះ។ ចំពោះគម្រោងយកកូនវិញនាងថា ពិតជាចង់បានកូនដំបូងជាកូនស្រីមែន។

ម៉ូលីកា និងស្វាមីអះអាងស្រដៀងគ្នាថា អាជីពសិល្បៈពួកគេនៅតែស្រលាញ់ ប៉ុន្ដែក្រោយរៀបអាពាហ៍ពិពាហ៍ហើយ អ្នកទាំង២នឹងងាកមកពង្រឹងលើមុខជំនួញច្រើនជាងប្រឡូកក្នុងសិល្បៈ៕