ក្រសួងសុខាភិបាល ហាមពលរដ្ឋបរិភោគ ត្រីឆៅ៣ប្រភេទ ដែលផ្ទុកពងព្រូនថ្លើម បណ្ដាលឱ្យកើតជំងឺមហារីកថ្លើម និងថង់ទឹកប្រមាត់

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្ដ្រ (ម.គ.ច)នៃក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ហាមដាច់ខាតកុំបរិភោគប្រភេទត្រីទឹកសាប៣ប្រភេទ ឬចម្អិនមិនឆ្អិន ដែលបណ្ដាលឱ្យកើតជំងឺមហារីកថ្លើម ជាពិសេស មហារីកថង់ទឹកប្រមាត់ (Cholangiocarcinoma)។

ប្រភេទត្រីទឹកសាប៣ប្រភេទនោះ រួមមាន៖ ត្រីស្រកាក្តាម ត្រីអង្កត់ប្រាក់ និងត្រីអាចម៍កុក មានបណ្តោយប្រហែល ១០ ទៅ១៥ សង់ទីម៉ែត្រ។ ត្រីទាំងនេះ គឺមានផ្ទុកនូវព្រូនថ្លើម (Opisthorchis viverrini) ជាប្រភេទព្រូនសំប៉ែត (Trematode) ដែលអាចឆ្លងមកមនុស្ស តាមរយៈការបរិភោគត្រីទឹកសាបនេះ នៅដែលមិនបានចម្អិនឱ្យបានឆ្អិនល្អ ឬឆៅ។

ការថ្លែងបែបនេះ របស់លោកវេជ្ជបណ្ឌិត ក្នុងកិច្ចប្រជុំបូកសរុបបញ្ចប់ ស្តីពី «គម្រោងសិក្សាស្រាវជ្រាវផលប៉ះពាល់លើសុខភាព ដោយជំងឺព្រូនថ្លើម នៅកម្ពុជា និងវៀតណាម» នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកវេជ្ជបណ្ឌិត បានថ្លែងបន្ដថា «ជំងឺព្រូនថ្លើមនេះ យើងអាចការពារខ្លួនមិនឲ្យឆ្លងបាន តាមរយៈការបរិភោគមានអនាម័យ ជាពិសេសការហូបត្រីទឹកសាប៣ប្រភេទខាងលើនេះ ត្រូវចម្អិនឱ្យបានឆ្អិនល្អ។ ជំងឺព្រូនថ្លើមនេះ យើងអាចមានវិធីសាស្រ្តព្យាបាលបាន បើសិនយើងរកឃើញវា នៅដំណាក់កាលដំបូង តែបើជំងឺនេះ បានវិវត្ដន៍ ទៅជំងឺមហារីកថ្លើម ឬថង់ទឹកប្រម៉ាត់ យើងមានលទ្ធភាពតិចតួចណាស់ ក្នុងការព្យាបាល ឬជួយសង្រ្គោះ»។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថា តាមការស្រាវជ្រាវជាង ១០ឆ្នាំ កន្លងមក របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន នៃមជ្ឈមណ្ឌលជាតិ ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យយ៉ាម៉ាណាស៊ី (University of Yamanashi) នៃប្រទេសជប៉ុន បានរកឃើញថា អត្រាផ្ទុក (ប្រេវ៉ាឡង់) នៃជំងឹព្រូនថ្លើម (Opisthorchis viverrini) នៅកម្ពុជា មានប្រមាណជា ១០.១% ទៅ ៥០% ពិសេស ខេត្តកំពង់ធំ កំពង់ចាម ព្រៃវែង ព្រះវិហារ និងស្ទឹងត្រែង។

ការកំណត់ទីតាំងភូមិសាស្រ្តលំអិតតាមភូមិ ឬតំបន់ប្រឈមនៃការចម្លងជំងឺនេះមានការលំបាក និងមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ ដើម្បីឈានទៅសម្រេចបាន នូវការរៀបចំផែនការយុទ្ធសាស្រ្តប្រយុទ្ធ និងគ្រប់គ្រងជំងឺនេះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនាពេលអនាគត។

ហេតុនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានធ្វើការអំពាវនាវ និងស្វាគមន៍ដល់គ្រប់ដៃគូអភិវឌ្ឍន៍នានា ចូលរួមសហការបន្ថែមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន ដើម្បីបន្តការស្រាវជ្រាវរុករកកំណត់តំបន់ចម្លង ឱ្យបានលំអិតគ្រប់ជ្រុងជ្រោយតាមភូមិសាស្រ្ត ដែលមានមានទម្លាប់បរិភោគត្រីទឹកសាបតូចៗ ឆៅ ឬចម្អិនមិនបានឆ្អិនល្អ និងវាយតម្លៃបាននូវផលវិបាកលើសុខភាពសារធារណៈដែលបង្កដោយជំងឺព្រូនថ្លើម។

លោកវេជ្ជបណ្ឌិត បន្ដថា មកទល់នឹងពេលនេះ មិនមានរោគសញ្ញាជាក់លាក់ណាមួយ ដែលអាចឲ្យសង្ស័យថានរណាម្នាក់កើតជំងឺព្រូនថ្លើមទេ គឺមានតែការពិនិត្យលាមក រកពងព្រូនថ្លើមនៅក្នុងលាមកប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យថា នរណាម្នាក់កើត ឬមានផ្ទុកព្រូនថ្លើមនៅក្នុងខ្លួន។

បច្ចុប្បន្ននេះ ថ្នាំដែលមានប្រសិទ្ធភាពព្យាបាលអ្នកមានផ្ទុកព្រូនថ្លើម គឺថ្នាំប្រាហ្សីកង់តែល (Praziquantel) តែការលេបថ្នាំនេះ មិនមែនមានន័យថានឹងជាដាច់ពី ឬឈប់ឆ្លងជំងឺព្រូនថ្លើមទេ បើសិនជាបុគ្គលនោះ នៅតែបន្តបរិភោគត្រីទឹកសាបប្រភេទតូចៗមានផ្ទុកពងព្រូនថ្លើម៕

ប្រភព៖ Freshnews