បោកឈ្ងុយ! ប្រយ័ត្ននារីៗ បុរសម្នាក់ខ្ចី​ដៃ​ស្រី​ស្នេហ៍ទើបស្គាល់គ្នា​ទៅ​បោក​យក​ទូរស័ព្ទ​ពី​អ្នកលក់

កំពង់ចាម ៖ ពិតជារឿងដែលត្រូវតែប្រុងប្រយ័ត្នចំពោះនារីៗ ដែលនារីម្នាក់នេះ ​ត្រូវ​ប្រុស​ហេងស៊យ​ស្គាល់គ្នា និងឈានដល់លង់​ស្នេហ៍​លើ​បុរស​ចំណាស់​តាមរយៈ​ទូរស័ព្ទ ហើយបោក​នាង ដោយ​ប្រើ​ល្បិច​នាំទៅ​ទិញ​ទូរស័ព្ទ​

ដោយ​មិនទាន់​ឲ្យ​លុយ​ទៅ​អ្នកលក់​ផង បុរស​នោះ​យកទូរស័ព្ទ​គេច​ខ្លួន​បាត់ ​ទុក​នាងឲ្យ​ក្លាយជា​អ្នករងគ្រោះ​នៅ​កន្លែង​អ្នកលក់​ទូរស័ព្ទ កាលពី​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦ល្ងាច ម្សិលមិញនេះ នៅផ្សារ​បុសខ្នុរ ស្រុក​ចំការ​លើ ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ខ្នុរ បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ លាង តុង​ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​១០​មករា ឃុំ​បុសខ្នុរ ស្រុក​ចំការលើ

ថា​មាន​ករណី​ឆបោក​យក​ទូរស័ព្ទ​នៅ​តូប​របស់ខ្លួន។

ក្រោយពី​បាន​ទទួល​បណ្តឹង​ភ្លាម កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ ហើយ​ធ្វើការ​នាំ​ខ្លួន​មុខសញ្ញា​ម្នាក់ ​ឈ្មោះ វុទ្ធី​ហៅ ស្រមោច​ខ្មៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជន​ជាតិខ្មែរ នៅ​ភូមិ​កាប់​លាវ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដែល​មកជា​មួយ​មុខសញ្ញា​ម្នាក់ទៀត​បាន​យក​ទូរស័ព្ទ​មួយ​គ្រឿង​ចេញទៅ​បាត់​នោះមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ។

នៅពេល​សាកសួរ​មុខសញ្ញា​សង្ស័យ​បាន​រៀបរាប់​ថា ខ្លួន​ស្គាល់​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់​ឈ្មោះ អាយុ​ប្រហែល​៥០​ឆ្នាំ សម្បុរ​ខ្មៅ មិន​ស្គាល់​អាសយដ្ឋាន បាន​ប្រហែល​០៣​ថ្ងៃ ហើយ​បាន​ទំនាក់ទំនង​ស្នេហ៍​គ្នា​តាម​ទូរស័ព្ទ ហើយ​បុរស​ម្នាក់​នោះបាន​និយាយថា នឹង​ទិញ​ទូរស័ព្ទ​ថ្មី និង​ក្រវិល​ឲ្យ នៅ​ថ្ងៃទី​០៩​កញ្ញា​​ វេលា​ម៉ោង​ប្រហែល​៧​និង​៣០​នាទី មនុស្ស​ប្រុស នោះ​បាន​ណាត់​ជួប​នៅមុខ​វិទ្យាល័យ​ឫស្សី​កែវ ក្រុងភ្នំពេញ

ហើយ​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ស្គាល់​សេរី មកដល់​ផ្សារ​បុសខ្នុរ ស្រុក​ចំការ​លើ ក៏​ចូល​ទិញ​ទូរស័ព្ទ ម៉ាក​អូ​ប៉ូ ក្នុង​តម្លៃ​១៦៩​ដុល្លារ ពេល​ទិញ​ទូរស័ព្ទ​បាន​ហើយ មនុស្ស​ប្រុស​នោះ​បាន​ប្រាប់ថា​ យក​ទូរស័ព្ទ​នេះ​ឲ្យ​កូន​មើល​ ព្រោះ​កូន​ចង់បាន​ម៉ាក​ហ្នឹង​ដែរ ដោយ​ឲ្យ​ខ្លួន​អង្គុយ​ចាំ​នៅ​កន្លែង​លក់​ទូរស័ព្ទ បាន​មួយសន្ទុះ ​ខ្លួន​មានការ​សង្ស័យ​ បាន​ទូរស័ព្ទ​ទៅ​មនុស្ស​ប្រុស​នោះ​តាមរយៈ​លេខ តែ​មិន​ចូល

ហើយ​ខ្លួន​បានឲ្យ​អ្នកលក់​ទូរស័ព្ទ​យក​ឡាម​វះ​មើល​កាបូប​ដែល​មនុស្ស​ប្រុស​នោះ​ទុក​ឲ្យ​ឃើញ​សុទ្ធតែ​ក្រដាស ទើប​ដឹងថា​ចាញ់បោក​គេ​។​

ជនសង្ស័យ​ខាងលើ ​ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ តាម​បញ្ចា​របស់​លោក​ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ដើម្បី​បន្ត​ការស្រាវជ្រាវ៕