ទើបដឹង សាកលវិទ្យាល័យ Excelpolitan University នៅខណ្ឌសែនសុខ ជាទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិនសោះ

ភ្នំពេញ៖ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង Online ខុសច្បាប់ដែលមានស្លាកយីហោ សាកលវិទ្យាល័យ Excelpolitan University ឃាត់ខ្លួនបានជនជាតិចិន ១០៥នាក់ (ស្រីចំនួន ១០នាក់) នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ចំណុច សាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់៩ជាន់ នេះតែម្ដង ដែលនៅតាមបណ្ដោយផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលក៏បានដកហូត ម៉ាស៊ីនកុំព្យទ័រលើតុ (DeskTop) ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ចំនួន ៨០គ្រឿង។

ក្រុមជនជាតិចិនទាំងអស់នោះត្រូវបញ្ជូនទៅ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕